ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់សហភាពអឺរ៉ុប(EU)ថាគិតមកដល់ពេលនេះ មិនមានព័ត៌មាននៃអំពើហិង្សាណាមួយកើតឡើងនោះទេក្នុងដំណេីរការឃោសនាបោះឆ្នោតឃុំ-សង្កាត់ហេីយគណបក្សនយោបាយ ក៏ធ្វើសកម្មភាពកំណត់ដោយច្បាប់ផងដែរ។ 

ក្នុងជំនួបពិភាក្សាការងារជាមួយ  ប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន  ៤ប្រទេស ដឹកនាំដោយលោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា  នាថ្ងៃទី២៦ឧសភា សម្ដេច ស ខេង បានឲ្យដឹងថាក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាពជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន  និងធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាលផងដែរ។ 

ចំពោះការវាយតម្លៃជារួមលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ សម្ដេច  បានបង្ហាញក្ដីរីករាយដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរប្រជាពលរដ្ឋក៏មានការយល់ដឹងកាន់តែច្រើន។

សម្ដេច  បញ្ជាក់ថា  "គិតមកដល់ពេលនេះមិនមានព័ត៌មាននៃអំពើហិង្សាណាមួយកើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថាមានការវិវត្តល្អប្រសើរ"។ 

សម្ដេច  ក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើងនាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។

សម្តេច  ស  ខេង  បានលេីកឡេីងថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែលក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ