លោក Fumio Kishida នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន បន្ទាប់ពីគណបក្សរបស់លោកឈ្នះឆ្នោត
តូក្យូ៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផល នៅរសៀលថ្ងៃពុធនេះតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៩ កញ្ញា ២០២១។
បេសកកម្មដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីនឹងដឹកនាំគណបក្ស LDP ឱ្យទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតសកលខាងមុខនេះ។
យ៉ាងណាក៏ដោយ គណបក្សចំរុះដែលដឹកនាំដោយ LDP មានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាទាំងពីរជាន់ថ្នាក់, ហេតុដូច្នេះ ការគាំទ្រចំពោះលោក Fumio Kishida ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី គឺត្រូវបានគេមើលឃើញរួចទៅហើយថា នឹងអាចប្រព្រឹត្តទៅដោយរលូន។
លើសពីនេះទៅទៀត សម្រាប់តំណែងជាប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្ត្រីជប៉ុនថ្មីនេះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះលោក Fumio Kishida នឹងត្រូវដឹកនាំបក្សទាំងមូល ទៅដណ្តើមយកជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសកល ដែលអាចនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១៕RT