អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននី ស្មីហែល ថ្លែងថា រដ្ឋាភិបាលអ៊ុយក្រែន បានតែងតាំងអគ្គស្នងការប៉ូលិសជាតិអ៊ុយក្រែន លោក អ៊ីហ្គ័រ ឃ្លីមិនកូវ ជារដ្ឋមន្ត្រីមហាផ្ទៃស្តីទីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ មករា ២០២៣។

ការតែងតាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក ដេនីស ម៉ូណាស្ទីស្គី ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃពុធសប្តាហ៍នេះ។ ឧទ្ធម្ភាគចក្រធុន EC 225 Super Puma បានធ្លាក់កាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅជិតសាលាមត្តេយ្យមួយកន្លែងក្នុងសង្កាត់ ប្រូរ៉ារី ជាទីប្រជុំជនមួយនៅជាយរដ្ឋធានីកៀវ បណ្តាលឱ្យមានអគ្គីភ័យឆាបឆេះនៅលើផ្ទៃដី ៥០០ម៉ែត្រការ៉េ។ 

គួរបញ្ជាក់ផងដែរថា ការធ្លាក់នេះបានសម្លាប់មនុស្សទាំង៩នាក់នៅលើឧទ្ធម្ភាគចក្រ រួមទាំងលោក ម៉ូណាស្ទីស្គី រួមទាំងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ទៀតរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន។ ទិន្នន័យចុងក្រោយបំផុតពីសេវារដ្ឋសម្រាប់គ្រាអាសន្ន បានបង្ហាញថា មនុស្ស ១៤នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ