អន្តរជាតិ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចឥណ្ឌា (CMIE) ក្នុងថ្ងៃអាទិត្យសប្តាហ៍មុន បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសឥណ្ឌា បានហក់ឡើងដល់ ៨.៣ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២២។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ០២ មករា ២០២៣។
តួលេខខាងលើ ត្រូវបានគេចាត់ទុកថា ជាអត្រាគ្មានការងារធ្វើដ៏ខ្ពស់បំផុតក្នុងរយៈពេល ១៦ខែមកនេះ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចឥណ្ឌា (CMIE) អត្រាគ្មានការងារធ្វើនៅក្នុងទីក្រុង បានស្ទុះឡើងដល់ ១០.០៩ភាគរយនៅក្នុងខែធ្នូ បើធៀបនឹង ៨.៩៦ភាគរយកាលពីខែមុន ខណៈដែលអត្រាគ្មានការងារធ្វើនៅតាមទីជនបទ បានធ្លាក់ចុះដល់ ៧.៤៤ភាគរយនៅក្នុងខែធ្នូ បើធៀបនឹង ៧.៥៥ភាគរយកាលពីខែមុន។
យ៉ាងណាមិញ រដ្ឋហារីយ៉ាណា ភាគខាងជើងបានបន្តឈរនៅលើកំពូលគេ ជាមួយនឹងអត្រាគ្មានការងារធ្វើរហូតដល់ ៣៧.៤ភាគរយ តាមពីក្រោយដោយរដ្ឋជិតខាង រ៉ាចាស់ស្ថាន មានចំនួន ២៨.៥ភាគរយ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសឥណ្ឌា មានចំនួន ៨ភាគរយ៕RT