កសិដ្ឋាន Sundrop ភាគខាងត្បូងនៃប្រទេសអូស្ដ្រាលី មានផ្ទៃដី ២០ហិកតា និងអាចដាំដុះដំណាំនៅលើដីដែលរាំងស្ងួត
អូស្ដ្រាលី៖ កសិដ្ឋាន Sundrop ភាគខាងត្បូងនៃប្រទេសអូស្ដ្រាលី មានផ្ទៃដី ២០ហិកតា និងអាចដាំដុះដំណាំនៅលើដីដែលរាំងស្ងួត តាមរយៈការបម្លែងទឹកសមុទ្រទៅជាទឹកសាប ដោយថាមពលពន្លឺព្រះអាទិត្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Startup Selfie
ប៉មពន្លឺព្រះអាទិត្យដែលមានកម្ពស់ ១២៧ម៉ែត្រ នឹងស្រូបយកកាំរស្មីព្រះអាទិត្យពីផ្ទាំងកញ្ចក់ជាង ២៣ ០០០សន្លឹក ហើយបម្លែងជាថាមពលរហូតដល់ ៣៩មេហ្កាវ៉ាត់ក្នុងមួយថ្ងៃ ដែលអាចបូមទឹកសមុទ្រចំនួន ២.៨លានលីត្រពីឈូងសមុទ្រ Spencer។ រោងចក្រកែច្នៃនឹងប្រើប្រាស់ថាមពលនេះ ដើម្បីបម្លែងទឹកសាបឱ្យគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំ និងរក្សាកំដៅក្នុងផ្ទះកញ្ចក់។
បច្ចេកវិទ្យានេះ ត្រូវការដីស្រែដាំដុះតិចតួចប៉ុណ្ណោះ ព្រមទាំងកាត់បន្ថយការប្រើប្រាស់បរិមាណទឹកសាប និងមិនចាំបាច់ប្រើប្រាស់ផូស៊ីលឥន្ធនៈសម្រាប់ការដាំលើដីរាំងស្ងួត។ កសិដ្ឋាន Sundrop អាចផ្តល់ទិន្នផលផ្លែប៉េងប៉ោះទុំ ១.៥ម៉ឺនតោនក្នុងមួយឆ្នាំ និងត្រូវបាននាំចេញទៅទូទាំងប្រទេសអូស្ត្រាលី។