អន្តរជាតិ៖ ការចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងមានការធ្លាក់ចុះ នៅក្នុងតំបន់ហ្កាហ្សា ដោយសារតែកង្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ ការលួចឥវ៉ាន់ពីហាងលក់ទំនិញ បញ្ហាកកស្ទះផ្លូវដោយកម្ទេចថ្មពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងភាពណែនចង្អៀត ដែលបណ្តាលមកពីការផ្លាស់ទីលំនៅរបស់ជនស៊ីវិលដ៏ច្រើនលើសលប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០១ វិច្ឆិកា ២០២៣។

ទោះបីជាមានការកើនឡើង នៃការផ្គត់ផ្គង់ក៏ដោយ ក៏ចំនួនរថយន្តជំនួយដែលចូលទៅតំបន់ហ្កាហ្សា នៅតែមានតិចតួចប៉ុណ្ណោះ ដោយជាជាមធ្យមមានចាប់ពី ១៤គ្រឿងជាប្រចាំថ្ងៃ បើប្រៀបធៀបទៅនឹងរថយន្តដឹកទំនិញចំនួន ៤០០គ្រឿង ដែលមើលឃើញជារៀងរាល់ថ្ងៃក្នុងពេលវេលាធម្មតាសម្រាប់ប្រជាជនចំនួន ២,៣លាននាក់ ដែលឥឡូវនេះកំពុងមានភាពអស់សង្ឃឹមដោយសារកង្វះខាតអាហារសំខាន់ៗដូចជានំប៉័ងជាដើម។ 

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ និយាយថា ការសម្រុកចូលលួចយកស្បៀងអាហារពីក្រុមពលរដ្ឋហ្កាហ្សា ដែលរងភាពស្រេកឃ្លាន នៅឯឃ្លាំងស្ដុកជំនួយមួយក្នុងចំណោមឃ្លាំងចំនួនពីររបស់ខ្លួន បានធ្វើឱ្យការងាររបស់ភ្នាក់ងារជំនួយមានភាពស្មុគស្មាញក្នុងការធ្វើការ ចំណែកឯឃ្លាំងទីពីរនៅជិតច្រកព្រំដែនរ៉ាហ្វាហ្វ (Rafah) ជាមួយប្រទេសអេហ្ស៊ីប ក៏កាន់តែពិបាកក្នុងការប្រតិបត្តិការផងដែរ ពីព្រោះជនភៀសខ្លួនចំនួន ៨.០០០នាក់កំពុងស្នាក់នៅទីនោះ។

គួររម្លឹកផងដែរថា ការវាយប្រហារកាលពីថ្ងៃទី៧ តុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រួមទាំងការវាយបកសងសឹករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ សម្រាប់ភាគីទាំងសងខាង ហើយក៏បានធ្វើឲ្យមនុស្សរាប់លាននាក់ ផ្លាស់ទីលំនៅផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ