មេដឹកនាំវេណេស៊ុយអេឡាចោទអ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន
ការ៉ាកាស់៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន” បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស បាននិយាយថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសរបស់អ៊ីស្រាអែល អំពីការឡោមព័ទ្ធទាំងស្រុងទៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១០ តុលា ២០២៣។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានពីការប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍ ដែលបានចាប់ផ្តើមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
មុននេះ លោក ហ្គូដទែរេស ជាថ្មីម្តងទៀត បានថ្កោលទោសការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមរបស់ក្រុមហាម៉ាស់ នៅចំពោះមុខអ្នកសារព័ត៌មាន ហើយបានទទួលស្គាល់ការព្រួយបារម្ភស្របច្បាប់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែក៏បានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលគោរពច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។
យ៉ាងណាមិញ មេដឹកនាំវេណេស៊ុយអេឡា អំពាវនាវឱ្យមានបទឈប់បាញ់ និង ទាមទារឱ្យមានការគោរពសិទ្ធិរបស់ប្រជាជន ហើយយើងក៏ទាមទារឱ្យផ្តួចផ្តើមការចរចាសន្តិភាពជាបន្ទាន់ ដើម្បីស្ដារសិទ្ធិជាប្រវត្តិសាស្ត្រ និងឯករាជ្យភាពទឹកដី។ លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ទៀតថា លោកនឹងតស៊ូមតិដើម្បីប្រជាជនប៉ាឡេស្ទីន ហើយលោកក៏នឹងតស៊ូមតិដើម្បីសន្តិភាពដែរ៕