វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានប្រកាសថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបំពេញទុនបំរុងប្រេងជាយុទ្ធសាស្ត្រឡើងវិញនៅចុងឆ្នាំ២០២៤ បន្ទាប់ពីស្តុកប្រេងរបស់ខ្លួនឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ មីនា ២០២៤។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) ដែលមិនធ្លាប់មានពីមុនមក ខណៈដែលចំណាត់ការនេះបានរងការរិះគន់ពីបក្សសាធារណរដ្ឋ។

រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានគូសបញ្ជាក់ថា ចំណាត់ការនៃរដ្ឋបាលរបស់លោក បៃដិន បានបង្ហាញថា ស្របពេលដែលយើងព្យាយាមរក្សាសន្តិសុខថាមពល យើងក៏អាចទទួលរងប្រតិកម្មនូវការទទួលខុសត្រូវ ចំពោះការប្រែប្រួលទីផ្សារផងដែរ។

នៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញប្រេងប្រហែល ២៧៤លានបារ៉ែល ដោយទម្លាក់ប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ។

សហរដ្ឋអាមេរិកបានបង្កើតទុនបំរុងប្រេងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាឃ្លាំងស្តុកទុកក្នុងគ្រាអាសន្ន បន្ទាប់ពីវិបត្តិថាមពលកាលពីឆ្នាំ១៩៧៣។ ហើយកាលពីខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមទិញប្រេងត្រឡប់មកវិញ ដើម្បីជំរុញទុនបំរុងប្រេង។ ហើយក្នុងរយៈពេល៩ខែបន្ទាប់ ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) បានកើនឡើងប្រហែល ១៤.៧លានបារ៉ែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ