ប្រទេសចិនបង្កើនកម្រិតភាពជាដៃគូជាមួយប្រទេសកូឡុំប៊ី ទៅជាដៃគូយុទ្ធសាស្ដ្រក្នុងតំបន់
1 ឆ្នាំ មុន
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសាទរនឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” ថ្មី រវាងប្រទេសចិន និងកូឡុំប៊ី ក្នុងកំឡុងពេលលោកទទួលស្វាគមន៍ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro ដែលបានទៅទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៧ តុលា ២០២៣។
លោក ស៊ី ជីនពីង ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងរវាងចិន និងកូឡុំប៊ីតែងតែរក្សាបានយ៉ាងប្រសើរនូវសន្ទុះនៃការអភិវឌ្ឍ។ ប្រទេសចិនមានឆន្ទៈខ្ពស់ក្នុងការសហការទ្វេភាគីជាមួយកូឡុំប៊ី ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍ និងសន្ដិភាពពិភពលោក។
ទន្ទឹមនឹងនេះ គេរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំនៃប្រជាជាតិអាមេរិកខាងត្បូង រូបនេះ នឹងបង្កើនការនាំចេញទំនិញរបស់ប្រទេសកូឡុំប៊ី ទៅកាន់ប្រទេសចិនផងដែរ៕