ញូវដែលី៖ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា បានបង្ហាញថា ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ឥណ្ឌាបានកើនឡើងដល់ ៣៧លានតោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១១ មិថុនា ២០២៣។

ទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា បានឱ្យដឹងថា បរិមាណនាំចេញប្រេងពីរុស្ស៊ីទៅឥណ្ឌា បានកើនឡើងលើសពីការចែកចាយកាលពីឆ្នាំមុន ក្នុងអំឡុងពេលដូចគ្នានេះជិត ១១ដង ហើយបានកើនឡើងដល់កំពូលនៅឆ្នាំ ២០២២។ កាលពីឆ្នាំមុន ឥណ្ឌាបាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន ៣៣.៤លានតោន។ 

ក្នុងអំឡុងរបាយការណ៍នេះ រុស្ស៊ីបានធានាតំណែងជាអ្នកផ្គត់ផ្គង់ប្រេងឆៅកំពូលរបស់ឥណ្ឌា តាមពីក្រោយដោយអ៊ីរ៉ាក់ ២១,៤លានតោន និងអារ៉ាប៊ីសាអូឌីត ១៧,៥លានតោន។ យោងតាមក្រុមហ៊ុនវិភាគទំនិញ Kpler ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានបន្តកើនឡើងក្នុងរដូវក្តៅ ដោយបានកើនឡើងដល់កម្រិតខ្ពស់បំផុត ២.២លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមិថុនា និងកើនឡើងរយៈពេល ១០ខែជាប់ៗគ្នា ខណៈដែលការដឹកជញ្ជូនបានធ្លាក់ចុះបន្តិចក្នុងខែកក្កដា មកត្រឹម ១.៩លានបារ៉ែល។

សូមបញ្ជាក់ថា ឥណ្ឌាដែលជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក បានក្លាយជាអ្នកទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ដោយបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្ម និងទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះតម្លៃដែលផ្តល់ដោយទីក្រុងមូស្គូ។ 

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនវិភាគទំនិញ Kpler រុស្ស៊ីមានចំណែក ៤៦ភាគរយ នៃការនាំចូលប្រេងសរុបរបស់ឥណ្ឌាក្នុងខែឧសភា ធ្លាក់ចុះជាង ២ភាគរយ បើធៀបនឹងមុនពេលជាប់ទណ្ឌកម្មរបស់លោកខាងលិច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ