ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាល បានស្នើឲ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។

តាមរយៈលិខិតរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាល បានគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឲ្យម្ចាស់សហគ្រាសប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើឲ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់នោះនឹងនាំឲ្យ តម្លៃបារីកើនឡើង១៥%, កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់, បង្ការអ្នកស្លាប់ ១០ ០០០នាក់ ក្នុងរយៈពេល១០ទៅ ១៥ឆ្នាំបន្ទាប់, កើនប្រាក់ចំណូលពន្ធរដ្ឋ ជាង ៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។  

តាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index 2021 ២ បានបង្ហាញថា កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១,១០  សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦% និងប្រទេសហ្វីលិពីនយកពន្ធ ៧១,៣២%។

សូមបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះ នឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។ នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ ការគាំទ្រនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំសមាជិកប្រចាំត្រីមាសរបស់អង្គការ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ