សូមប្រុងប្រយ័ត្ន! តំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំ និងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧-១៣ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្រសួង លើកឡើងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។
បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណ ភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ ដោយអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕EB