អន្តរជាតិ៖ អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានមក ប្រទេស នេះបានក្លាយជាប្រទេសដែលមានការគាបសង្កត់លើស្រ្តី និងកុមារីខ្លាំង ជាងគេបំផុតនៅលើពិភពលោក តាមរយៈការដកសិទ្ធិជាមូលដ្ឋានផ្សេងៗ របស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ មីនា ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ បេសកកម្ម របស់អ.ស.ប បានថ្លែងថា មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន បានបង្ហាញពី «ការផ្តោតស្ទើរតែគ្រប់យ៉ាងលើការដាក់ច្បាប់ដែលធ្វើឱ្យស្ត្រី និងក្មេងស្រីភាគច្រើនជាប់គាំងនៅក្នុងផ្ទះរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព»។

គេមើលឃើញថា ថ្វីបើមានការសន្យាដំបូងអំពីការប្រកាន់វិន័យល្មមៗក្ដី ក៏ក្រុមតាលីបង់បានដាក់វិធានការដ៏តឹងរ៉ឹង ចាប់តាំងពីចូលកាន់អំណាច នៅខែសីហា ឆ្នាំ ២០២១ ពេលទ័ពបរទេសដកចេញពីប្រទេសនេះ។ 

ក្រុមតាលីបង់បានរឹតត្បឹតសូម្បីតែលើការអប់រំរបស់ក្មេងស្រីលើសពីថ្នាក់ទី៦ និងស្ត្រីពីកន្លែងសាធារណៈ ដូចជាសួនកម្សាន្ត និងកន្លែងហាត់ប្រាណ ជាដើម។ ស្ត្រីក៏ត្រូវបានហាមមិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ហើយត្រូវបានបញ្ជាឱ្យស្លៀងពាក់បិទជិតចាប់តាំងតែពីក្បាល ដល់ចុងជើងផងដែរ។ 

យ៉ាងណាមិញ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជា ប្រធានបេសកកម្មរបស់អង្គការប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោកស្រី Roza Otunbayeva បាននិយាយថា «អាហ្វហ្គានីស្ថានស្ថិតនៅ ក្រោមក្រុមតាលីបង់ នៅតែជាប្រទេសដែលគាបសង្កត់ទាក់ទង នឹង សិទ្ធិស្រ្តីខ្លាំងបំផុតក្នុងពិភពលោក»។ លោកស្រីបន្ថែមថា៖ «វាជារឿងគួរឱ្យ ព្រួយបារម្ភ ពេលឃើញមានកិច្ចខិតខំប្រឹងប្រែងជាវិធីសាស្ត្រ ចេតនា និងជា ប្រព័ន្ធដើម្បីរុញស្ត្រី និងកុមារីអាហ្វហ្គានីស្ថាន ចេញពីវិស័យសាធារណៈ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ