ឥណ្ឌូនេស៊ី៖ ក្រុមមន្ត្រីដែលឃ្លាំមើលភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទ បានព្រមានអ្នកស្រុកឱ្យរក្សាការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះដ៏អាក្រក់កាលពីចុងសប្តាហ៍ ដោយសារខ្យល់ និងភ្លៀងខ្លាំង បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះត្រូវបញ្ឈប់។

ភ្នំខ្ពស់បំផុតនៅលើកោះជ្វាបានផ្ទុះយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ ដោយបាញ់ផេះដ៏ខ្ពស់ទៅលើមេឃ ដែលគ្របដណ្តប់ពេញភូមិជុំវិញនោះ។ មនុស្ស១៤នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍នោះ ។

រូបភាពពីលើអាកាស បានបង្ហាញពីដំបូលដែលហុយផេះពាសពេញ ខណៈមន្ត្រីយោធា ប៉ូលីស និងអ្នកស្រុកបានជីកដីភក់ដោយដៃរបស់ពួកគេដើម្បីជួយជនរងគ្រោះ។

កាលពីថ្ងៃច័ន្ទ ប្រធានក្រុមសង្កេតការណ៍ភ្នំភ្លើង Semeru លោក Liswanto បានព្រមានប្រជាជនឱ្យរក្សាចម្ងាយសុវត្ថិភាពពីភ្នំ ចំពេលមានសេចក្តីរាយការណ៍ថា អ្នកស្រុកដែលមានការព្រួយបារម្ភបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដើម្បីពិនិត្យមើលរបស់របរ និងសត្វចិញ្ចឹមរបស់ពួកគេ។

លោកបាននិយាយថា "ស្ថានភាពនៃភ្នំ Semeru នៅតែស្ថិតក្នុងកម្រិតទី ២ ដែលមានន័យថា នៅកម្រិតនេះ ប្រជាជនត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះការគំរាមកំហែងដែលអាចកើតមាន នៅតែមាន" ។

ជាក់ស្តែង មនុស្សជាង ៥០ នាក់ បានរងរបួសពីការផ្ទុះនេះ ដែលភាគច្រើនជាការរលាក។ លំហូរនៃកម្អែលបានបំផ្លាញស្ពាន ដែលតភ្ជាប់តំបន់ ២ ក្នុងស្រុក Lumajang ដែលនៅក្បែរនោះជាមួយនឹងទីក្រុង Malang ។

ជាមួយគ្នានេះដែរ CNN Indonesia បានរាយការណ៍ថា ក្រុមព្យាបាលរបួសដើម្បីព្យាបាលកុមារដែលរងផលប៉ះពាល់ដោយការផ្ទុះត្រូវបានបញ្ជូនទៅ ខណៈកញ្ចប់ជំនួយរាប់រយកញ្ចប់ រួមទាំងអង្ករ ភួយ និងសំលៀកបំពាក់ ក៏ដូចជាសម្ភារៈចាំបាច់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ។

គួររំលឹកថា Semeru គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មជាង ១០០ ភ្នំ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមួយនៅជាប់ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់នៃសកម្មភាពរញ្ជួយដីខ្ពស់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ