រដ្ឋាភិបាលឥណ្ឌាប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដោយសារការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច
ញូវដែលី៖ សភាឥណ្ឌាបានសម្រេចអនុញ្ញាតឱ្យសម្ព័ន្ធភាពនៃគណបក្សប្រឆាំង ធ្វើការបោះឆ្នោតដកសេចក្ដីទុកចិត្តទៅលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ដើម្បីបង្ខំឱ្យលោកយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប៉ះទង្គិចគ្នារវាងជនជាតិភាគតិចនៅរដ្ឋភាគឦសានមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ កក្កដា ២០២៣។
យ៉ាងណាក៏ដោយ គណបក្សបារ៉ាទីយ៉ា ចាណាតា ឬហៅកាត់ជាភាសាអង់គ្លេសថា BJP របស់លោក ម៉ូឌី មានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបរហូតដល់ទៅ ៣០១ អាសនៈនៃចំនួនសរុប ៥៤២ អាសនៈ ដូច្នេះការបោះឆ្នោតដកសេចក្ដីទុកចិត្តនឹងមិនប៉ះពាល់ដល់ស្ថិរភាពគណបក្សរបស់លោក ម៉ូឌី នឹងរូបលោកផ្ទាល់នោះទេ។
ផ្ទុយទៅវិញ គណបក្សប្រឆាំងហាក់គ្រាន់តែចង់បង្កលក្ខណៈឱ្យមានការជជែកវែកញែកអំពីអំពើហិង្សាដែលកំពុងកើតមាននៅក្នុងរដ្ឋម៉ានីផូ (Manipur) ដែលគ្រប់គ្រងដោយគណបក្ស BJP និងដែលជាកន្លែងមនុស្សជាង ១៣០ នាក់ត្រូវបានសម្លាប់ និង ៦ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីដើមខែឧសភា។
គួរបញ្ជាក់ថា សេចក្ដីសម្រេចបោះឆ្នោតដកសេចក្ដីទុកចិត្តនេះ ត្រូវបានអនុម័តដោយប្រធានសភាជាន់ទាប លោក អូម បឺឡា (Om Birla)។ លោកបានលើកឡើងថា លោកនឹងកំណត់កាលវិភាគសម្រាប់ការជជែកដេញដោល និងបោះឆ្នោតក្នុងពេលឆាប់ៗខាងមុខនេះ។
គួរដឹងដែរថា ភាពតានតឹងនៅតំបន់ជនជាតិភាគតិចនៅក្នុងរដ្ឋតូចមួយដែលមានប្រជាជនចំនួន ៣,២ លាននាក់ត្រូវបានចាត់ទុកថាជាបញ្ហាសន្តិសុខ និងជារឿងដែលរដ្ឋាភិបាលរបស់លោក ម៉ូឌី បរាជ័យក្នុងការដោះស្រាយ។ ហើយបញ្ហានេះ នឹងអាចជះឥទ្ធិពលដល់សំឡេងឆ្នោតរបស់លោកនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕