រុស្ស៊ីត្រូវការថវិកាជាង៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងផលិតយន្តហោះដ្រូនរបស់លោក ពូទីន
1 ឆ្នាំ មុន
អន្តរជាតិ៖ ប្រទេសរុស្ស៊ីត្រូវការថវិកាប្រមាណ៥០០ពាន់លានរូប្លិ៍ ឬប្រហែល៦.១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងផលិតយន្តហោះគ្មានមនុស្សបើក ដែលហៅកាត់ថា “ដ្រូន” ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RBC នៅថ្ងៃទី២៦ មេសា ២០២៣។
កាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែបង្កើនការផលិតយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយរបស់យន្តហោះដ្រូន។
យ៉ាងណាមិញ យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍យន្តហោះដ្រូន សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០៣០ ចាំបាច់ត្រូវតែអនុម័តនៅត្រឹមថ្ងៃទី០១ ខែមិថុនាខាងមុខនេះ ហើយរួមបញ្ចូលទាំងព័ត៌មានលម្អិត ស្តីពីការផលិត និងការផ្តល់ហិរញ្ញប្បទាន៕RT