អាមេរិក៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងយោធាអាមេរិកជាង ៣ ០០០ នាក់ បានធ្វើដំណើរទៅដល់សមុទ្រក្រហមតាមរយៈនាវាចម្បាំងពីរគ្រឿង ដើម្បីជាការឆ្លើយតបទៅនឹងការរឹបអូសនាវាដឹកប្រេងនានាពីសំណាក់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ មិថុនា ២០២៣។

ការដាក់ពង្រាយទ័ពបែបនេះបន្ថែមលើការបង្កើនកម្លាំងយោធារបស់អាមេរិកនៅក្នុងផ្លូវទឹកឈូងសមុទ្រដ៏តានតឹង ដែលសំខាន់យ៉ាងខ្លាំងសម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។ ការណ៍នេះ ធ្វើឱ្យអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដដែល ពីបទបង្កអស្ថិរភាពក្នុងតំបន់។

យោធាអាមេរិកបាននិយាយថា អ៊ីរ៉ង់បានរឹបអូស ឬប៉ុនប៉ងគ្រប់គ្រងនាវាជិត ២០ គ្រឿង ដែលមានទង់ជាតិបរទេសក្នុងតំបន់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ កងនាវាទី ៥ របស់កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងថា នាវិក និងកងម៉ារីនអាមេរិក បានចូលទៅដល់សមុទ្រក្រហម បន្ទាប់ពីឆ្លងកាត់ព្រែកជីកហ្ស៊ុយអេហ្ស តាមរយៈនាវាចម្បាំង USS Bataan និង USS Carter Hall ដោយផ្តល់នូវ «ភាពបត់បែន និងកងកម្លាំងដែនសមុទ្រកាន់តែច្រើនដល់កងនាវាទី ៥។

អ្នកនាំពាក្យកងនាវាទី ៥ លោក Tim Hawkins បាននិយាយថា ការដាក់ពង្រាយទ័ពរបស់អាមេរិក គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ដែលបណ្តាលមកពីការយាយី និងការរឹបអូសនាវាជំនួញបរទេស របស់អ៊ីរ៉ង់។

គួរគូសបញ្ជាក់ថា នាវា USS Bataan មានសមត្ថភាពផ្ទុកយន្តហោះចម្បាំងផ្សេងៗ ខណៈនាវា USS Carter Hall ដឹកជញ្ជូនទាហានម៉ារីន សម្ភារៈទ័ព និងអាចចូលចតនៅច្រាំងបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ