ឥណ្ឌាបានបញ្ជូនជំនួយមនុស្សធម៌ជិត ៤០តោនទៅកាន់តំបន់ហ្កាហ្សា
ញូវដែលី៖ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ប្រទេសឥណ្ឌា បានដឹកជំនួយមនុស្សធម៌តាមជើងហោះហើរចំនួន ៣៨.៥តោន ទៅកាន់តំបន់ស៊ីណៃ របស់ប្រទេសអេហ្ស៊ីប ដើម្បីជួយដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរងគ្រោះក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៣ តុលា ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនធុនប៊ូអ៊ីង C-17 មួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បាននាំយកជំនួយវេជ្ជសាស្រ្តជិត ៦.៥តោន និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយចំនួន ៣២តោនសម្រាប់ជួយដល់ប្រជាជនប៉ាឡេស្ទីន បានចាកចេញទៅកាន់អាកាសយានដ្ឋាន El Arish របស់ប្រទេសអេហ្ស៊ីបហើយ។
សង្គ្រាមបានផ្ទុះឡើងកាលពីពីរសប្តាហ៍មុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២,៤លាននាក់។
យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកឥតឈប់ឈរ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។
ដោយឡែក យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕