ប៉េកាំង៖ ប្រទេសចិន និងហ្វីលីពីនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិចគ្នា រវាងទូកដឹកស្បៀងអាហាររបស់ហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិននៅតំបន់សមុទ្រចិនខាងត្បូងដែលជាដែនទឹកកំពុងមានជម្លោះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី ២៣ តុលា ២០២៣។

ការប៉ះទង្គិចគ្នានេះគឺបណ្ដាលមកពីនាវាចិនបានបុកជាមួយនឹងទូកហ្វីលីពីនដែលបានដឹកស្បៀងផ្គត់ផ្តង់ដល់ក្រុមយោធាប្រចាំការនៅលើខ្មោចនាវាចម្បាំងដែលគាំងនៅកោះថ្មប៉ប្រះទឹក Second Thomas ដែលស្ថិតក្នុងប្រជុំកោះ Spratley។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងពីរបានបង្កជម្លោះនឹងគ្នាជាច្រើននៅតំបន់សមុទ្រចិនខាងត្បូង ជាពិសេសតំបន់កោះថ្មប៉ប្រះទឹក Second Thomas ។ ជារឿយៗ ហ្វីលីពីនតែងតែបានដឹកជញ្ជូនស្បៀងអាហារដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅលើខ្មោចនាវាចាស់សម័យសង្គ្រាមលោកលើកទីពីរ ដែលបានបង្កឱ្យចិនមានការមិនពេញចិត្ត ហើយបានបញ្ជូនឆ្មាំសមុទ្រទៅរំខាន និងរារាំងដល់បេសកកម្មផ្គត់ផ្គង់ស្បៀងអាហាររបស់ហ្វីលីពីនជាច្រើនលើកទៀតផង។

នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាលើកនេះ ប្រទេសចិនបានលើកឡើងថា កប៉ាល់របស់ខ្លួនកំពុងរារាំងទូករបស់ហ្វីលីពីន មិនឱ្យធ្វើការដឹកសម្ភារៈសំណង់ខុសច្បាប់ទៅកាន់ខ្មោចនាវាចម្បាំងនោះឡើយ។ ដោយឡែក ហ្វីលីពីនបានឆ្លើយតបថា សកម្មភាពរបស់ចិនគឺជាចេតនាចង់បង្កគ្រោះថ្នាក់ដែលខុសទៅនឹងច្បាប់អន្តរជាតិ។ រីឯសហរដ្ឋអាមេរិកវិញ ក៏បានគាំទ្រហ្វីលីពីនជុំវិញបញ្ហានេះផងដែរ។

គួររំឭកថា ក្នុងឆ្នាំ១៩៩៩ ហ្វីលីពីនបានបោះបង់ចោលនាវាចម្បាំងដែលមានឈ្មោះថា BRP Sierra Madre ដោយចេតនានៅកោះថ្មប៉ប្រះទឹក Second Thomas ដែលស្ថិតក្នុងប្រជុំកោះ Spratley ដើម្បីបង្ហាញថាតំបន់នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដោយសារតែវាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលមានចម្ងាយប្រមាណជា ៣២១ គីឡូម៉ែត្រ ឬ ២០០ ម៉ាយពីឆ្នេរសមុទ្រហ្វីលីពីន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ