បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងទើបចាញ់ការបោះឆ្នោត បេក្ខជនតំណាង គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានអបអរសាទរ ដល់លោក Trupm ហើយ បានសន្យាថា នឹងផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក Donald Trump។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ វិចិ្ឆកា ២០២៤។

លោកស្រី Kamala Harris និយាយថា «យើងត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត Trump ហើយបានអបអរសាទរលោក ចំពោះជ័យជំនះរបស់លោក» ។ លោកស្រីបន្តថា «ខ្ញុំក៏បានប្រាប់គាត់ថា យើងនឹងជួយគាត់ និងក្រុមរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរនេះ ហើយថាយើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។

លោកស្រី Harris បាននិយាយថា «ការផ្តល់កិត្តិយសដល់លទ្ធផលបោះឆ្នោតគឺជាអ្វី ដែលយើងត្រូវបែងចែកលទ្ធិប្រជាធិបតេយ្យ ពីរបបរាជានិយម ឬ របបផ្តាច់ការ។ អ្នកណាក៏ដោយដែលស្វែងរកការជឿទុកចិត្តពីសាធារណជនត្រូវតែគោរពលទ្ធផលនេះ»។

នៅចំពោះមុខហ្វូងអ្នកគាំទ្រ លោកស្រី Kamala Harris បានជំរុញឱ្យអ្នកគាំទ្របន្តតស៊ូមតិ ទោះបីជាចាញ់ឆ្នោតលោក Trump ដាច់ដ៏ដោយ។

គួរបញ្ជាក់ផងដែរថា លោកត្រាំទទួលបានអង្គបោះឆ្នោតតំណាង ចំនួន២៩១ ខណៈដែលលោកស្រី Harris ទទួលបាន ២២៣អង្គបោះឆ្នោត ដោយគេដឹងថា ត្រឹម២៧០ គឺទទួលជ័យជំនះហើយ នេះបើតាមទីភ្នាក់ងារសារព័ត៌អាមេរិកធំៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ