លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបានប្រាប់អ្នកគាំទ្រថា បច្ចុប្បន្ន សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងទន់ខ្សោយហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងរៀបចំប្រព័ន្ធថ្មីយកទៅជំនួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ២៣ តុលា ២០២៣។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យើងស្ថិតក្នុងសម័យក្រោយសង្គ្រាមអស់រយៈពេល ៥០ឆ្នាំ ដែលវាដំណើរការបានយ៉ាងល្អ ប៉ុន្តែបច្ចុប្បន្នសណ្តាប់ធ្នាប់បានទន់ខ្សោយលែងដូចមុន ដូច្នេះយើងត្រូវការរបៀបរៀបរយពិភពលោកថ្មី។
ថ្លែងក្នុងយុទ្ធនាការនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានអួតអាងពីរបៀបដែលលោកបញ្ចុះបញ្ចូលជប៉ុន និងកូរ៉េខាងត្បូង ឲ្យបញ្ជូនជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែន និងរបៀបដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែជាមួយសហភាពអឺរ៉ុប ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី កាលពីខែមុន។
ប្រធានាធិបតីអាមេរិករូបនេះបានប្រកាស ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីៗបាន ប្រសិនបើយើងមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់លើខ្លួនឯង ដើម្បីបង្រួបបង្រួមពិភពលោក តាមរបៀបដែលមិនធ្លាប់មាន៕