ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ គ្រោងដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ មានទីស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អាកាសចរស៊ីវិល ចេញផ្សាយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា «អាកាសយានដ្ឋានអន្ដរជាតិថ្មី ដែលមានទីស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ»។

អាកាសចរស៊ីវិល បន្ដថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

អាកាសចរស៊ីវិល បន្ថែមថា ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥-១៥ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E មានផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd(AIAI) នៅលើផ្ទៃដី ៧០០,០៦ ហិកតា មានទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ