តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបនិយាយថា សហរដ្ឋអាមេរិកគួរតែឱ្យលុយអ៊ីរ៉ង់ចំនួនមួយពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍មកនេះ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា គាំទ្រអំពើភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៩ វិច្ឆិកា ២០២៤។

នៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានចោទប្រកាន់ប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា “រណសិរ្សដ៏ក្រអឺតក្រទម” ដែលព្យាយាមប្រើល្បិចផ្សេងៗតាមទម្រង់របស់ពួកគេផ្ទាល់ ដើម្បីបង្កើតសង្គ្រាមកូនកាត់បំផ្លាញប្រទេសដទៃ។

លោក Shamkhani បានអះអាងថា ជនជាតិអាមេរិកខ្លួនឯងសារភាពដោយបើកចំហថា ពួកគេបានបង្កើតក្រុមភេរវករ ISIS និងអាល់កៃដា ក្នុងគោលបំណងបំបែកបំបាក់អ៊ីរ៉ង់ និងប្រទេសជិតខាង ក៏ដូចជាការពារសម្ព័ន្ធមិត្តរបស់ខ្លួន និងសត្រូវដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ គឺអ៊ីស្រាអែល។

លោក Shamkhani បាននិយាយយ៉ាងដូច្នេះថា ជនជាតិអាមេរិកគួរតែសងការខូចខាតមួយពាន់ពាន់លានដុល្លារដល់អ៊ីរ៉ង់ ពីព្រោះពួកគេបានដាក់សម្ពាធប្រទេសរបស់យើងអស់រយៈពេល ២៥ឆ្នាំហើយ។

អស់ជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកប្រឆាំងប្រទេសអ៊ីរ៉ង់ ហើយថែមទាំងបានចាត់តាំងអ៊ីរ៉ង់ថា ជា “រដ្ឋឧបត្ថម្ភអំពើភេរវកម្ម”។

ការអត្ថាធិប្បាយរបស់លោក Shamkhani ធ្វើឡើងបន្ទាប់ពីតុលាការអ៊ីរ៉ង់បានសម្រេចកាលពីខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាល, ក្រសួងការពារជាតិ និងប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Donald Trump, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo, ទីភ្នាក់ងារសន្តិសុខជាតិ និង CIA គួរតែបង់ប្រាក់ជិត ៥០ពាន់លានដុល្លារដល់អ៊ីរ៉ង់។

ថវិកាទាំងនេះ គឺដើម្បីប៉ះប៉ូវការខូចខាតសម្រាប់ការធ្វើឃាតលោក Qasem Soleimani ជាប្រធានកងកម្លាំង Quds របស់អ៊ីរ៉ង់ក្នុងឆ្នាំ ២០២០ ក៏ដូចជាធ្វើការសុំទោសជាសាធារណៈដល់ពលរដ្ឋអ៊ីរ៉ង់ជាង ៣,០០០នាក់ដែលបានដាក់ពាក្យបណ្តឹងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ