សៀមរាប ៖ នេះគឺជាមោទកភាពមួយសម្រាប់កម្ពុជា ដែលបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយទៀត គឺ «បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានរៀបចំធ្វើនៅក្នុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

តាមរយៈការត្រួតពិនិត្យ និងរាប់ដោយអ្នកជំនាញការរបស់ Guinness World Records បានបង្ហាញថា បេះដូងដែលកើតចេញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់បំបែកកំណត់ត្រានាពេលនេះមានចំនួន៣,៩១៧,៨០៥ បេះដូង ដែលចំនួននេះគឺច្រើនជាងការរំពឹងទុករបស់ក្រុមការងារនៃយុទ្ធនាការ Beyond The Games ។

គួរជម្រាបជូនថា ឯតទគ្គកម្ម Guinness World Records ដែលកម្ពុជាបំបែកបាននាពេលនេះ គឺបំបែកលើ កំណត់ត្រា ចាស់ របស់ប្រទេសអង់គ្លេសដែលធ្លាប់បំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៩ ដែលមានចំនួនបេះដូងត្រឹមតែ ៥៣៧០៤ បេះដូង។ 

បេះដូងក្រដាសដ៏ច្រើនសន្ធឹងសន្ធាប់នេះ កើតចេញពីទឹកចិត្តរបស់ប្រជាជនខ្មែរគ្រប់ទិសទីដែលបានស្ម័គ្រចិត្តបត់ ដើម្បីរួមចំណែកក្នុងការបំបែកកំណត់របស់ពិភពលោក ដែលនេះសបញ្ជាក់ឱ្យឃើញពី កម្លាំងសាមគ្គីភាព ជាធ្លុងមួយរបស់ខ្មែរ ពោលគឺ «ខ្មែរអាចធ្វើបាន»។ ម្យ៉ាងវិញទៀត តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹង ឱ្យពិភពលោ ស្គាល់កាន់តែច្បាស់ពីកម្ពុជា ដ្បិតកម្ពុជាជាប្រទេសតូចតែ កម្ពុជាមានបេះដូងដ៏ធំ។ 

«បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានបំបែកឯតទគ្គកម្មពិភពលោក នេះគឺគំនិតការផ្ដួចផ្ដើមមួយដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) នៃយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ»។ គោលបំណងនៃយុទ្ធនាការនេះធ្វើឡើង មិនត្រឹមតែបំបែកកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួមអបអរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីលើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់អត្តពលិក កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ