ជប៉ុនស្នើកញ្ចប់ថវិកា ការពារជាតិ ៥៣ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤
តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានស្នើកញ្ចប់ថវិកា ៥៣ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ស្របពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង និងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ កញ្ញា ២០២៣។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា កាលពីឆ្នាំមុន បានបង្ហាញពីការកែទម្រង់សន្តិសុខដ៏សំខាន់ រួមទាំងការសន្យាបង្កើនការចំណាយលើវិស័យការពារជាតិដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៧។ ក្រសួងការពារជាតិជប៉ុន បានស្នើសុំកញ្ចប់ថវិកា៧.៧៤ទ្រីលានយ៉េន ឬប្រមាណ៥៣ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤-២៥ ពោលគឺកើនឡើងពី ៦.៨ពាន់លានយ៉េនសម្រាប់ឆ្នាំបច្ចុប្បន្ន។
ក្រសួងការពារជាតិជប៉ុនចង់បានថវិកា ៣៨០ពាន់លានយ៉េន ដើម្បីសាងសង់នាវាចម្បាំងថ្មីចំនួនពីរគ្រឿង ដែលបំពាក់ដោយប្រព័ន្ធការពារមីស៊ីល Aegis ដែលផលិតដោយសហរដ្ឋអាមេរិក។ ចំណែកថវិកា ៧៥៥ពាន់លានយ៉េន នឹងប្រើបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន ដូចជាការទិញមីស៊ីលជាដើម។
ប្រទេសជប៉ុនក៏មានគម្រោងចំណាយថវិកា ៧៥ពាន់លានយ៉េនសម្រាប់ការអភិវឌ្ឍន៍រួមគ្នា នៃឧបករណ៍ស្ទាក់ចាប់ ដើម្បីបាញ់ទម្លាក់មីស៊ីលលឿនជាងសំឡេងផងដែរ។ សំណើរបស់ក្រសួងការពារជាតិ នឹងត្រូវបញ្ជូនទៅក្រសួងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤-២៥ ដែលនឹងដាក់ជូនសភាជប៉ុនក្នុងខែមករាឆ្នាំក្រោយ៕