តេហេរ៉ង់៖ ទោះស្ថិតក្រោមសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅចិន បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១០ឆ្នាំ គិតត្រឹមខែសីហានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២១ មិថុនា ២០២៣។
ការនាំចេញប្រេងពីអ៊ីរ៉ង់ទៅចិន ត្រូវបានគេរំពឹងថា នឹងឈានដល់ចំនួន ១.៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហានេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣ ដោយសារការកើនឡើងតម្លៃនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រេងឆៅបញ្ចុះតម្លៃកាន់តែទាប។
យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនស៊ើបការណ៍ទំនិញ Kpler បានឱ្យដឹងថា ចិនបាននាំចូលប្រេងជាមធ្យម ៩១៧,០០០បារ៉ែលក្នុងមួយថ្ងៃពីអ៊ីរ៉ង់ នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនាមជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ចិនបាននិងកំពុងបង្កើនការទិញប្រេងពីអ៊ីរ៉ង់ដែលមានតម្លៃថោកជាងគេនៅឆ្នាំនេះ។
នៅក្នុងរបាយការណ៍ថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបញ្ជាក់ថា ការនាំចេញប្រចាំថ្ងៃរបស់អ៊ីរ៉ង់មានប្រហែលមួយលានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៣នេះ។ ទោះបីជាមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ៊ីរ៉ង់អាចបង្កើនផលិតកម្មប្រេងឆៅរបស់ខ្លួនប្រហែល ១៤០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២ ដល់កម្រិតជាមធ្យម ២,៥លានបារ៉ែលក្នុងមួយថ្ងៃ។
បើតាមប្រធានអង្គការផែនការ និងថវិកាអ៊ីរ៉ង់ ប្រទេសរបស់ខ្លួនបានបង្កើនការនាំចេញប្រេងឆៅដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ឆ្នាំ រហូតដល់ ១.៤លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហានេះ។ ទន្ទឹមគ្នា អ៊ីរ៉ង់ក៏រំពឹងដែរថា នឹងបង្កើនផលិតកម្មប្រេងរបស់ខ្លួនរហូតដល់ ៣.៥លានបារ៉ែលក្នុងមួយថ្ងៃនៅចុងខែកញ្ញាខាងមុខ៕