ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០២២នេះ ក្នុងប្រទេសកាតា គឺជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់ (Smoke-free) និងគ្មានគ្រឿងស្រវឹង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០២២ បានឱ្យដឹងទៀតថា «ថ្នាំជក់ បារីអេឡិចត្រូនិក(វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលប្រារព្ធនៅប្រទេសកាតាឆ្នាំនេះ»។

ប្រភពដដែល បន្ដថា ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូពិសេសរវាងសហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយជាមួយខ្យល់អាកាសគ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អដែលមិនបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍មួយនេះប្រកបដោយសុខុមាលភាពល្អនិងសុវត្ថិភាព។

លើសពីនេះ វិធានការហាមឃាត់ខាងលើនេះ គឺស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណងការពាសិទ្ធិរបស់មនុស្សក្នងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ។

អ្នករៀបចំការប្រកួតបានចាត់វិធានការជាគោលដៅដើម្បីធានាថា អ្នកគាំទ្រអាចរីករាយនឹងការប្រកួតដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗ ពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រងថ្នាំជក់ បាននិយាយថា «ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់។ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតាក្នុងឆ្នាំ២០២២ ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយ ដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់ជាសកលទៅកាន់កម្រិតថ្មីមួយ»។

ចំណែកគ្រឿងស្រវឹងវិញ ប្រធាន FIFA លោក GIANNI INFANTINO បាននិយាយថា «ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង ក្នុងបរិវេណកីឡាដ្ឋានមិនមែនមានតែនៅប្រទេសកាតាប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋាន»។

យោងតាមអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុត ដែលបានសម្លាប់មនុស្សជុំវិញពិភពលោក ៧លាននាក់ក្នុងមួយឆ្នាំ ពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង១.២លាននាក់ទៀត ពីផលប៉ះពាល់នៃផ្សែងថ្នាំជក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ