ជប៉ុនចាយជាង ១០ពាន់លានដុល្លារ បង្កើតទីក្រុងឆ្លាតវៃដំបូងលើពិភពលោក
តូក្យូ៖ តិចជាង ៤ឆ្នាំបន្ទាប់ពីការប្រកាសគម្រោងសាងសង់ “ទីក្រុងឆ្លាតវៃ” ឬ “Woven City” នៅជិតភ្នំហ៊្វូជី ក្នុងប្រទេសជប៉ុន នៅទីបំផុតទីក្រុងបំពាក់បច្ចេកវិទ្យាទំនើបមួយនេះ នឹងបើកទ្វារស្វាគមន៍មនុស្សដំបូងគេចូលមករស់នៅនាពេលឆាប់ៗនេះ។ បើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Express នៅថ្ងៃទី២៧ មិថុនា ២០២៤។
ក្រុមហ៊ុន Toyota បានឱ្យដឹងថា ទីក្រុងឆ្លាតវៃនេះ ចំណាយប្រាក់សាងសង់សរុបជាង ១០.១៣ពាន់លានដុល្លារ ហើយប្រជាជនដំបូងគេគ្រោងនឹងចូលទៅរស់នៅទីនោះនៅចុងឆ្នាំ ២០២៤នេះ។ Woven City គឺជាទីក្រុងឆ្លាតវៃ និងទំនើបបំផុតនៅជប៉ុន បង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនផលិតឡាន Toyota និងក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Bjarke Ingels Group (BIG)។
Woven City បង្កើតឡើងនៅលើផ្ទៃដីទំហំ ៧០៨,០០០ម៉ែត្រការ៉េ ហើយកំពុងត្រូវបានសាងសង់នៅលើទីតាំងអតីតរោងចក្រ Higashi-Fuji របស់ក្រុមហ៊ុន Toyota ដែលបានបិទកាលពី ៤ឆ្នាំមុន។ ប្រធានក្រុមហ៊ុនតូយ៉ូតា លោក Akio Toyoda បានបង្ហើបឱ្យដឹងពីគម្រោងនេះថា ការសាងសង់ទីក្រុងឆ្លាតវៃ គឺជាឱកាសតែមួយគត់ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានាពេលអនាគត។
បើតាមផែនការ Woven City ត្រូវបានបែងចែកជាបីតំបន់ ទី១.តំបន់ថ្មើរជើង, ទី២.ផ្លូវសម្រាប់ឡានបើកបរខ្លួនឯង និងទី៣. ផ្លូវសម្រាប់ជម្រើសធ្វើដំណើរសកម្ម ដូចជាកង់ជាដើម។ សំណង់អគារក្នុងទីក្រុងនេះ ភាគច្រើនធ្វើពីឈើ ហើយប្រើប្រាស់ថាមពលភាគច្រើនដោយអ៊ីដ្រូសែន និងបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ផងដែរថា Woven City ត្រូវបានគេដាក់រហ័សនាមថា ជា “មន្ទីរពិសោធន៍នៃការរស់” សម្រាប់ក្រុមហ៊ុន Toyota និងក្រុមហ៊ុនធំៗដទៃទៀត ដើម្បីធ្វើពិសោធន៍ការរស់របស់មនុស្ស ជាមួយនឹងបច្ចេកវិទ្យាថ្មីៗរបស់ពិភពលោក ក្នុងនោះរួមមានបញ្ញាសិប្បនិម្មិត AI, ឡានបើកបរខ្លួនឯង និងមនុស្សយន្តជាដើម៕RT