ក្រុងកៀវ៖ កងទ័ពអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ធុន Shahed ចំនួន ៣៤ គ្រឿង ក្នុងចំណោមដ្រូន ៤៤ គ្រឿងដែលរុស្ស៊ីប្រើដើម្បីវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ កញ្ញា ២០២៣។

ចំណែកក្រុមមន្រ្តីយោធា និងមូលដ្ឋានអ៊ុយក្រែន បាននិយាយថា ការវាយប្រហារពេញមួយយប់របស់រុស្ស៊ី មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ យោធាអ៊ុយក្រែនបានបន្តនៅលើបណ្ដាញសង្គមតេឡេក្រាមថា «យន្តហោះចម្បាំង អង្គភាពមីស៊ីលប្រឆាំងយន្តហោះ និងក្រុមពន្លត់អគ្គិភ័យចល័ត បានធ្វើប្រតិបត្តិការទប់ទល់នឹងការវាយប្រហារ»។

ចំណែកឯអភិបាលតំបន់អូដេសា លោក Oleh Kiper វិញ បាននិយាយនៅលើតេឡេក្រាមថា «កងកម្លាំងការពារដែនអាកាសរបស់យើង បានបំពេញបេសកម្មយ៉ាងល្អ» ។ លោកបន្តថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែថា កម្ទេចឆេះនៃដ្រូនបានធ្វើឱ្យវាយស្មៅកន្លែងខ្លះឆេះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

គួរបញ្ជាក់ថា តំបន់កំពង់ផែអូដេសា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីជាញឹកញយ ចាប់តាំងពីខែកក្កដា នៅពេលដែលរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅក្រៅប្រទេសដោយគ្មានការរារាំង ឬវាយប្រហារពីរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ