មេដឹកនាំចិននឹងអញ្ជើញមេដឹកនាំបេឡារុស ពិភាក្សាលើកិច្ចសហការផ្នែកសេដ្ឋកិច្ច
ចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអញ្ជើញប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្វើដំណើរមកប្រទេសចិន នៅថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France24 នៅថ្ងៃទី២៧ កុម្ភៈ ២០២៣។
គេរំពឹងថាការជជែកគ្នានេះនឹងរួមបញ្ចូលការបញ្ជាក់ពីជំហររបស់ប្រទេសនីមួយៗពីស្ថានភាពនៅអ៊ុយក្រែនផងដែរ ។ មុននេះ ប្រធានាធិបតីបេឡារុស លោក Lukashenko ទើបបានធ្វើដំណើរទៅកាន់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីពិភាក្សាពីកិច្ចសហការផ្នែកកងទ័ពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។
ជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងក្នុងអំឡុងពេលលោកចូលទស្សនាពិព័រណ៍កសិកម្មនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈថា លោកមានគម្រោងធ្វើដំណើរទៅប្រទេសចិននៅដើមខែមេសា ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងជួយដាក់សម្ពាធរុស្ស៊ីឱ្យបញ្ឈប់ប្រតិបត្តិការកងទ័ពនៅអ៊ុយក្រែន ហើយថា ការដែលចិននិយាយថា ខ្លួនគាំទ្រការព្យាយាមដោះស្រាយបញ្ហាដោយសន្តិភាពនោះ គឺជារឿងល្អ ។
ថ្មីៗនេះ ចិនទើបបានស្នើឱ្យឈប់បាញ់គ្នា ព្រមទាំងបង្ហាញគោលការណ៍សន្តិភាព១២ចំណុចដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ចិនបានអំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ទាន់ និងគាំទ្រដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ហើយនិន្នាការនយោបាយចាត់ទុកថា ជាគំនិតរបស់ចិនដែលព្យាយាមប្រកាន់ជំហរកណ្តាល និងគាំទ្រការចរចាបញ្ចប់ជម្លោះនេះ ។
ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា លោកមានគម្រោងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ហើយសង្ឃឹមថា ចិននឹងគាំទ្រសន្តិភាព ប៉ុន្តែលោកមិនបានបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗដែលពាក់ព័ន្ធទេ ៕