ស្អែកនេះ! ថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
បាងកក៖ សភាថៃនឹងជួបប្រជុំគ្នា នៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកា បង្គាប់ឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី Srettha។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៥ សីហា ២០២៤។
ផ្អែកតាមប្រភព ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានផ្ញើសេចក្តីជូនដំណឹងដល់សមាជិកសភាទាំងអស់ កាលពីល្ងាចថ្ងៃពុធ អញ្ជើញពួកគេជួបប្រជុំ នៅម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា។
មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ បាននិយាយថា តំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំង ព្រមទាំង គណៈរដ្ឋមន្ត្រីចាំផ្ទះ សុទ្ធតែបានយល់ស្របថា ការបោះឆ្នោត គួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ប្រភពបន្តថា មេដឹកនាំគណបក្សចម្រុះ នឹងមានការពិភាក្សាផ្ទៃក្នុង លើបេក្ខភាព នៅក្នុងគណបក្ស នាថ្ងៃព្រហស្បតិ៍នេះ។ គួររម្លឹកថា កាលពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកល កាលពីឆ្នាំមុន សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ ក្រៅពីលោក Srettha Thavisin ក៏មានលោកស្រី Paetongtarn Shinawatra ផងដែរ។
ក្រោយដឹងថា អស់តំណែងភ្លាមៗ លោក Srettha បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគោរព សាលក្រម។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលខ្ញុំបានកាន់តួនាទីមួយនេះ ដោយបានព្យាយាមជាមួយនឹងចេតនាល្អ ដើម្បីដឹកនាំប្រទេស ប្រកបដោយភាពស្មោះត្រង់»៕