រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សាមជ្ឈភាពខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើង នៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និង អាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន»។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត លោកក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត៕EB