មូស្គូ៖ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានបន្តកើនឡើងជាលំដាប់ បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តក្នុងឆ្នាំ ២០២២ ជាមួយនឹងការនាំចេញ និងការនាំចូលកើនឡើងក្នុងល្បឿនពីរខ្ទង់ចាប់តាំងពីដើមឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១១ មិថុនា ២០២៣។

យោងតាមទិន្នន័យរបស់រដ្ឋបាលគយចិនបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិន បានកើនឡើង ៣៦.៥ភាគរយក្នុងខែមករា ដល់ខែកក្កដា បើធៀបនឹងឆ្នាំមុន ឈានដល់ ១៣៤.១ពាន់លានដុល្លារ។ ក្នុងអំឡុងរបាយការណ៍នេះ ការនាំចេញរបស់ចិនទៅកាន់រុស្ស៊ីបានកើនឡើង ៧៣.៤ភាគរយ បើធៀបនឹងឆ្នាំមុន ឈានដល់ ៦២.៥ពាន់លានដុល្លារ។

ចំណែកការនាំចូលរបស់ចិនពីរុស្ស៊ីបានកើនឡើង ១៥.១ភាគរយ ឈានដល់ ៧២ពាន់លានដុល្លារ។ គិតក្នុងខែកក្កដាតែមួយប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១៩.៤ពាន់លានដុល្លារ ជាមួយនឹងការនាំចេញរបស់ចិនមានចំនួន ១០.២ពាន់លានដុល្លារ កើនលើសរុស្ស៊ីបន្តិច ដែលមានចំនួន ៩.២ពាន់លានដុល្លារ។

គិតត្រឹមដំណាច់ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើង ២៩.៣ភាគរយក្នុងរយៈពេលប្រចាំឆ្នាំរហូតដល់ ១៩០.៣ពាន់លានដុល្លារ។ តួលេខនេះស្ថិតនៅលើផ្លូវកើនឡើងលើសពីគោលដៅ ២០០ពាន់លានដុល្លារនៅឆ្នាំនេះ ហើយប្រទេសទាំងពីរបានរំពឹងថា នឹងកើនឡើងដល់ ២៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ