ប៉េកាំង ៖ បន្ទាប់ពីចាយពេលសាងសង់ជិតពីរឆ្នាំ ទីបំផុតប្រទេសចិនផលិតបាន និងដាក់ឱ្យដំណើរការនាវាខួងយករ៉ែសមុទ្រទឹកជ្រៅដំបូងបង្អស់របស់ខ្លួន ហើយក៏នាវាខួងរ៉ែសមុទ្រមានជំរៅជ្រៅបំផុតក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ CGTN នៅថ្ងៃទី១៩ វិច្ឆិកា ២០២៤។

នាវានេះមានឈ្មោះថា Meng Xiang រចនា និងសាងសង់ដោយស្នាដៃចិនផ្ទាល់ ដែលអាចមានសមត្ថភាពខួងយករ៉ែក្នុងជំរៅទឹកសមុទ្រអតិបរមា ១១គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលនេះជាការបោះជំហានដ៏សំខាន់មួយ ទៅរុករកទីតាំងដែលមនុស្សជាតិមិនធ្លាប់ទៅដល់ពីមុនមក។

ក្នុងនាមជានាវាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុតរបស់ប្រទេសចិន នាវា Meng Xiang មានប្រវែង ១៧៩.៨ម៉ែត្រ និងទទឹង ៣២.៨ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកទម្ងន់ដល់ទៅ ៤២,៦០០តោន។ វាអាចធ្វើប្រតិបត្តិការរយៈពេល ១២០ថ្ងៃ និងធ្វើដំណើរក្នុងចម្ងាយជាង ២៤,១៤០គីឡូម៉ែត្រ ហើយអាចផ្ទុកមនុស្សរហូតដល់ ១៨០នាក់។

នាវានេះក៏មានបន្ទប់ពិសោធន៍កម្រិតខ្ពស់ចំនួន៩ផងដែរ ដែលគ្របដណ្តប់ផ្នែកភូមិសាស្ត្រ ភូគព្ភសាស្ត្រ មីក្រូជីវវិទ្យា វិទ្យាសាស្ត្រមហាសមុទ្រ និងបច្ចេកវិទ្យាខួងយករ៉ែ។ វាក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធផ្ទុកគំរូស្នូលដោយស្វ័យប្រវត្តិដំបូងគេបង្អស់ក្នុងពិភពលោក ដែលគាំទ្រការស្រាវជ្រាវតាមសមុទ្រ។

អ្វីដែលកាន់តែពិសេសទៀតនោះ នាវានេះរចនាឡើងតាមស្តង់ដារសុវត្ថិភាពខ្ពស់ អាចទប់ទល់នឹងព្យុះទីហ្វុងធំៗ ហើយវាអាចដំណើរការជាធម្មតា ទោះបីស្ថិតក្នុងស្ថានភាពលំបាកៗ។

គួរបញ្ជាក់ផថដែរថា នាវា Meng Xiang បង្កើតឡើងដោយក្រុមហ៊ុនស្ទាបស្ទង់ភូមិសាស្ត្រចិន ស្ថិតក្រោមក្រសួងធនធានធម្មជាតិសហការជាមួយក្រុមហ៊ុន China State Shipbuilding Corporation Limited និងអង្គការផ្សេងទៀត។ យោងតាមផែនការបានឱ្យដឹងថា វានឹងចាប់ផ្តើមបេសកកម្មខួងយករ៉ែជាលើកដំបូងនៅចុងឆ្នាំ២០២៤នេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ