ប៊ុយការ៉េស៖ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយថាមពលដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ៥៣លានដុល្លារ ដើម្បីជួយប្រទេសនេះទទួលបានឧបករណ៍បណ្តាញអគ្គិសនីសំខាន់ៗ។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣០ វិច្ឆិកា ២០២២។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រកាសពីកញ្ចប់ជំនួយខាងលើនេះ នៅឯកិច្ចប្រជុំរបស់ប្រមុខកិច្ចការបរទេសក្រុមប្រទេស G7 និងអ្នកផ្សេងទៀតនៅក្នុងប្រទេសរ៉ូម៉ានី។ គ្រឿងបរិក្ខារទាំងនោះ នឹងរួមបញ្ចូលឧបករណ៍បំប្លែងចែកចាយអគ្គិសនី,ឧបករណ៍បំបែកសៀគ្វី និងយានយន្តជាដើម។

លោក អាន់ថូនី ប្លីងគែន បាននិយាយថា យោធារុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីដើមខែតុលាមក ដោយបានធ្វើឱ្យខូចខាតដល់កន្លែងផ្គត់ផ្គង់ថាមពលជាង ៣០ភាគរយនៅទូទាំងប្រទេសនេះ។

ក្រសួងការបរទេសអាមេរិកបន្ថែមទៀតថា ការវាយប្រហារទាំងនោះមានគោលបំណងជះឥទ្ធិពលអវិជ្ជមានដល់ប្រតិបត្តិការយោធារបស់អ៊ុយក្រែន រារាំងប្រជាជនអ៊ុយក្រែនពីការទទួលបានថាមពលដ៏សំខាន់ក្នុងរដូវរងារ និងធ្វើឱ្យការដោះស្រាយលើជម្លោះរបស់អ៊ុយក្រែនចុះខ្សោយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ