ប៉េកាំង៖ ប្រទេសចិនបានព្រមាន ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ នឹងបង្កើន “ហានិភ័យនៃជម្លោះ” បន្ទាប់ពីសភាអាមេរិកបានបែងចែកជំនួយយោធាចំនួន ៨ពាន់លានដុល្លារសម្រាប់កោះនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP នៅថ្ងៃទី២៤ មេសា ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់សង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នឹងមិននាំសន្តិសុខដល់កោះនេះនោះទេ។លោក Wang ក៏បានព្រមានដែរថា វារឹតតែបង្កើនភាពតានតឹង និងហានិភ័យនៃជម្លោះនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយទីបំផុតនឹងក្លាយជាទង្វើនៃការបាញ់សម្លាប់ខ្លួនឯង។

លោក Wang បន្ថែមថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់, បញ្ឈប់ការបង្កើតភាពតានតឹងថ្មីនៅច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ការព្រមានធ្ងន់ៗរបស់ចិននេះ កើតឡើងបន្ទាប់សភាអាមេរិកបានផ្តល់ការអនុម័តចុងក្រោយកាលពីយប់ថ្ងៃអង្គារ ដល់កញ្ចប់ជំនួយចំនួន ៩៥ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត រួមមានទាំងអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ថ្លែងថា កញ្ចប់ជំនួយនេះ នឹងជួយពង្រឹងការរារាំង ប្រឆាំងនឹងរបបផ្តាច់ការ និង ការពារសន្តិភាព។ ប៉ុន្តែទីក្រុងប៉េកាំង ដែលបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះ បានព្រមានកាលពីថ្ងៃពុធ អំពីវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ