មនុស្សជាង ១០០លាននាក់នៅភាគខាងជើងប្រទេសចិន រងការបំពុលខ្យល់ដ៏អាក្រក់បំផុត
ប៉េកាំង៖ មនុស្សរាប់សិបលាននាក់នៅទូទាំងភាគខាងជើងប្រទេសចិន ស្ថិតនៅក្រោមការព្រមានពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរ ដោយអាជ្ញាធរបានជំរុញឱ្យប្រជាជនកាត់បន្ថយសកម្មភាពនៅខាងក្រៅ ខណៈដែលផ្សែងអ័ព្ទពណ៌ប្រផេះបានគ្របដណ្តប់តំបន់នេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០១ វិច្ឆិកា ២០២៣។
តំបន់ជាច្រើននៃទីក្រុងប៉េកាំង-ធានជីន-ហេប៉ី ភាគខាងជើងប្រទេសចិន ដែលមានប្រជាជនសរុបជាង ១០០លាននាក់ កំពុងទទួលរងការបំពុលខ្យល់ដ៏អាក្រក់បំផុត ដែលពួកគេបានឃើញក្នុងរយៈពេលជាច្រើនខែ។
នៅក្នុងរដ្ឋធានីប៉េកាំង អាជ្ញាធរបានចេញការជូនដំណឹង ដែលជាការព្រមានពីការបំពុលខ្យល់ខ្លាំងបំផុតទីពីររបស់ប្រទេសចិន។ ក្រុមហ៊ុនត្រួតពិនិត្យគុណភាពខ្យល់ IQAir ក៏បានចុះបញ្ជីរដ្ឋធានីប៉េកាំង ជាទីក្រុងធំទី៥ ដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក នាំមុខទីក្រុងម៉ុមបៃ របស់ប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជាកាបូនឌីអុកស៊ីតជាដើម។ ជាងនេះទៅទៀត ការបង្កើនដំណើរការនៃរោងចក្រថាមពលធ្យូងថ្ម បានបន្ថែមការព្រួយបារម្ភថា ប្រទេសចិននឹងដើរថយក្រោយនៃគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នខ្ពស់បំផុតនៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០៣០ ហើយក្លាយជាអព្យាក្រឹតកាបូននៅឆ្នាំ២០៦០៕