១០ខែ ពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៣ពាន់លានដុល្លារ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានចំនួន ១២ ៣៩៦.៨៤ប៊ីលានរៀល (ប្រមាណជា ៣ ០៦០.៩៥ លានដុល្លារ) ស្មើនឹង ៨៥.៧០% នៃផែនការប្រចាំ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
តួលេខចំណូលថវិកាជាតិនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធ យ៉ាងល្អប្រសើរ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍ណែនាំ សម្រាប់ជាទិសដៅអនុវត្ត បន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេស ការងារអាទិភាពសំខាន់ៗ ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់វិស័យឯកជនក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ការងារដោយផ្អែកលើនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធ ព្រមទាំង ដាក់ចេញ នូវអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ៕EB