ហ៊្សេរុយសាឡឹម៖ កងទ័ពជើងគោកអ៊ីស្រាអែលឡោមព័ទ្ធទីក្រុងហ្គាហ្សា ដ៏រឹងមាំរបស់ក្រុមហាម៉ាសបានទាំងស្រុងហើយ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺសហរដ្ឋអាមេរិកជំរុញឱ្យចាត់វិធានជាក់ស្តែង ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលបាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។

មុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន មកកាន់ប្រទេសអ៊ីស្រាអែល យោធារបស់ប្រទេសនេះបានបញ្ជាក់ថា ខ្លួនបាន “បញ្ចប់ការឡោមព័ទ្ធ” ទីក្រុងហ្គាហ្សាទាំងស្រុង ដែលនេះជាសញ្ញានៃដំណាក់កាលថ្មីមួយ នៅក្នុងសង្គ្រាមរយៈពេលមួយខែ ប្រឆាំងនឹងក្រុមហាម៉ាស។ 

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសាទរចំពោះជ័យជម្នះកន្លងមក ដោយប្រាប់ក្រុមទាហានឥស្សរជនថា កងកម្លាំងអ៊ីស្រាអែលកំពុងរីកចម្រើននៅលើសមរភូមិ ទោះបីជាមានការលះបង់ដ៏ឈឺចាប់ក៏ដោយ។

ឆ្លើយតបនឹងការប្រកាសរបស់អ៊ីស្រាអែលខាងលើនេះ កងពលតូចអាល់កាសឹម (Al-Qassam) របស់ក្រុមហាម៉ាស ក៏បានព្រមានដែរថា ទាហានឈ្លានពានអ៊ីស្រាអែលនឹងត្រូវត្រឡប់ទៅផ្ទះវិញ ដោយត្រូវច្រកនៅក្នុងថង់ដាក់សព។ បើតាមអ្នកនាំពាក្យក្រុមហាម៉ាស ហ្គាហ្សានឹងក្លាយជាទីតាំងបណ្តាសាប្រវត្តិសាស្រ្តសម្រាប់អ៊ីស្រាអែល។

ចំណែកយោធាអ៊ីស្រាអែលវិញ បានពណ៌នាទីក្រុងហ្គាហ្សាថា ជា «មជ្ឈមណ្ឌលនៃអង្គការភេរវកម្មហាម៉ាស»។ ប៉ុន្តែវាក៏ជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ ដែលបានស៊ូទ្រាំរស់នៅជាមួយការទម្លាក់គ្រាប់បែកពីលើអាកាសជាច្រើនសប្តាហ៍, ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ថយចុះ និងការសម្លាប់រង្គាលប្រចាំថ្ងៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ