អង់គ្លេសព្រមានថា ការបោះឆ្នោតរបស់ខ្លួននឹងមានការគំរាមកំហែងធ្ងន់ធ្ងរ
ក្រុងឡុងដ៍៖ ប្រមុខការពារជាតិអង់គ្លេស និយាយថា ប្រទេសរបស់លោកកំពុងទទួលយកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៃការបោះឆ្នោតមានការជ្រៀតជ្រែកពីបរទេស ដែលនឹងកើតមាននៅចុងឆ្នាំនេះ ក្រោយមានការព្រមានពីមន្ត្រីប្រឆាំងភេរវកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ មករា ២០២៤។
ប្រធានប្រឆាំងភេរវកម្មអង់គ្លេស លោក Matt Jukes បាននិយាយថាការគំរាមកំហែងផ្នែកចារកម្មពីរដ្ឋបរទេស ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ ឥឡូវនេះ មានទំហំធំជាងមុន បើធៀបនឹងជំនាន់សង្គ្រាមត្រជាក់។ លោកបន្តថា ប៉ូលីសបានបង្កើតអង្គភាពថ្មីមួយ ដើម្បីទប់ទល់នឹងការគំរាមកំហែងការជ្រៀតជ្រែកពីខាងក្រៅ នៅមុនការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៤នេះ។
លោកបន្ថែមថា អង្គភាពនេះនឹងប្រើប្រាស់អំណាចផ្តល់ដោយច្បាប់សន្តិសុខជាតិ ដែលបានអនុម័តកាលពីខែកក្កដា ដើម្បីធ្វើឱ្យប្រទេសនានាកាន់តែពិបាក ក្នុងការស៊ើបការណ៍ និងជ្រៀតជ្រែកក្នុងដំណើរការនយោបាយរបស់ចក្រភពអង់គ្លេស។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps ប្រាប់ទូរទស្សន៍ Sky News ថា ជាក់ស្តែង នោះគឺជាអ្វីដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងថា ស្ថាប័នប្រឆាំងអំពើភេរវកម្ម និងស្ថាប័នផ្សេងទៀត នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនោះ។
ការព្រមានរបស់មន្រ្តីជាន់ខ្ពស់អង់គ្លេសនេះ កើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់ក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកាឆ្នាំមុននិយាយថា រុស្ស៊ី អ៊ីរ៉ង់ និងចិនទំនងជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយឥទ្ធិពល និងការជ្រៀតជ្រែក នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងក្នុងការបោះឆ្នោតដ៏សំខាន់ផ្សេងទៀតនៅទូទាំងពិភពលោក៕RT