រុស្ស៊ីចង់ជំនួសជប៉ុនក្នុងការនាំចេញអាហារសមុទ្រទៅកាន់ចិន
មូស្គូ៖ តំបន់ Kamchatka ដែលស្ថិតនៅចុងបូព៌ារបស់ប្រទេសរុស្ស៊ី ចង់បំពេញចន្លោះប្រហោងនៅក្នុងទីផ្សារអាហារសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងហាមឃាត់ការនាំចូលទាំងស្រុងពីប្រទេសជប៉ុនក្នុងពេលថ្មីៗនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ៣០ តុលា ២០២៣។
រុស្ស៊ីនាំចេញអាហារសមុទ្រប្រហែលមួយលានតោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ប្រមាណផ្លូវការ ហើយកំពុងព្យាយាមជំរុញការផ្គត់ផ្គង់ ជាពិសេសពីតំបន់ Kamchatka ដែលសម្បូរទៅដោយធនធានធម្មជាតិ។
អភិបាលតំបន់ Kamchatka លោក វ៉្លាឌីមៀ សូឡូដូវ និយាយថា តំបន់របស់លោកកំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុនចិន ដើម្បីផ្គត់ផ្គង់អាហារសមុទ្រនាពេលអនាគត។ ប្រភពផ្លូវការបានឱ្យដឹងថា រុស្ស៊ី និងចិនអាចនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងក្នុងពេលឆាប់ៗនេះ លើការដឹកជញ្ជូនអាហារសមុទ្រពីតំបន់ Kamchatka ទៅកាន់ប្រទេសចិន។
សូមបញ្ជាក់ថា ប្រទេសចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ជាមួយនឹងការនាំចូលផលិតផលសមុទ្រឈានដល់ជិតកន្លះពាន់លានដុល្លារកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណា នៅចុងខែសីហា ចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន ដើម្បីឆ្លើយតបនឹងការបង្ហូរទឹកសំណល់វិទ្យុសកម្មដែលចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលមហាសមុទ្រ៕