អឺរ៉ុបអំពាវនាវឱ្យមាន «ច្រករបៀងមនុស្សធម៌» សម្រាប់ជំនួយ Gaza
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានអំពាវនាវឱ្យមាន «ច្រករបៀងមនុស្សធម៌» ដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមានការចរចាជាច្រើនម៉ោង នៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកនេះ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៧ តុលា ២០២៣។
បន្ទាប់ពីកិច្ចពិភាក្សា រយៈពេលប្រាំម៉ោង មេដឹកនាំអឺរ៉ុបបានអំពាវនាវឱ្យមានដំណើរការជំនួយមនុស្សធម៌រហ័ស, សុវត្ថិភាព និងគ្មានការរារាំង ដើម្បីជូនទៅដល់អ្នកដែលត្រូវការជំនួយ តាមរយៈវិធានការចាំបាច់ទាំងអស់ រួមទាំង «ច្រករបៀងមនុស្សធម៌» ដឹកជញ្ជូនជំនួយ ទៅកាន់តំបន់ហ្គាហ្សា។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ ដើម្បីការពារជនស៊ីវិល, ផ្តល់ជំនួយ និងសម្រួលដល់ការទទួលបានអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងទីជម្រក។
យ៉ាងណាមិញ ប្លុកអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេសមួយនេះ ត្រូវបានបំបែកជាយូរមកហើយ រវាងសមាជិកដែលគាំទ្រប៉ាឡេស្ទីន ដូចជា អៀរឡង់ និងអេស្បាញ ហើយនិងអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ីស្រាអែល រួមមាន អាល្លឺម៉ង់ និងអូទ្រីស ជាដើម។
គួររម្លឹកថា បន្ទាប់ពីក្រុមហាម៉ាស់បានវាយប្រហារសម្រុលចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី ៧ ខែតុលា អ៊ីស្រាអែលបានសងសឹកវិញ ជាមួយនឹងការវាយប្រហារ ឥតឈប់ឈរ ក្នុងនោះ ក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ការសងសឹកនេះបានសម្លាប់មនុស្សជាង ៧០០០ នាក់ហើយ ដោយក្នុងនោះ ភាគច្រើនគឺជាជនស៊ីវិល។ ចំនួនអ្នកស្លាប់ត្រូវបានបារម្ភថា នឹងកើនឡើងច្រើនទៀត ប្រសិនបើទាហានអ៊ីស្រាអែលដែលប្រមូលផ្តុំ នៅជិតព្រំដែន ផ្លាស់ទីចូល ទៅក្នុងទឹកដីប៉ាឡេស្ទីន៕