បេរូត៖ ប្រមុខក្រុមហេសបូឡាបានប្រាប់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការវាយប្រហារ លើតំបន់ហ្គាហ្សា បើមិនចង់ឲ្យផ្ទុះសង្គ្រាម នៅក្នុងតំបន់។ ហេសបូឡា ដែលជាបក្សនយោបាយនៅប្រទេសលីបង់ មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធឥស្លាម រួមទាំង ប៉ាឡេស្ទីនហាម៉ាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ វិច្ឆិកា ២០២៣។

ថ្លែងតាមទូរទស្សន៍ចេញពីរដ្ឋធានីបេរូត ប្រទេសលីបង់ ប្រធានក្រុម Hezbollah លោក Hassan Nasrallah បានប្រាប់ទៅសហរដ្ឋអាមេរិក ថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់របស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថា អាមេរិកត្រូវតែបញ្ឈប់ការវាយប្រហារ លើតំបន់ហ្គាហ្សា បើមិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើង នៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់បើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមក នៅព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ត្រូវបានគេមើលឃើញថា មានការកើនឡើងនូវការការប៉ះទង្គិច របួសនិងស្លាប់មនុស្ស ជាបន្តបន្ទាប់ ដោយភាគច្រើន ជាទាហានអ៊ីស្រាអែល និងក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ក្រុមប៉ាឡេស្ទីន បង្កឱ្យមានការភ័យខ្លាច នៃការបះបោរ កាន់តែទូលំទូលាយ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ