តូក្យូ៖ ប្រទេសជប៉ុន បានប្រកាសអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៨ តុលា ២០២៣។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា បានធ្វើការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងបានប្រកាសផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ១០លានដុល្លារដល់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា។ 

លោកស្រី កាមីកាវ៉ា បានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅពេលដែលស្ថានការណ៍មនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្កាហ្សាស្ទ្រីប ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ១០លានដុល្លារដល់ជនស៊ីវិលនៅទីនោះ តាមរយៈទីភ្នាក់ងារអន្តរជាតិ។

លោកស្រីបន្តថា ជប៉ុនថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយធ្វើការអំពាវនាវចំនួន ៣ចំនុច៖ ទី១ គឺការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងការធានាសន្តិសុខរបស់ពលរដ្ឋស្លូតត្រង់។ ទី២ ភាគីពាក់ព័ន្ធក្នុងជម្លោះទាំងអស់គួរតែគោរពតាមច្បាប់អន្តរជាតិ និងទី៣ គឺការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់។ ការអំពាវនាវទាំងនេះ គឺជាសារដ៏សំខាន់ដែលយើងបានបន្តទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។

ប្រមុខការទូតជប៉ុនរូបនេះបានសង្កត់ធ្ងន់ទៀតថា ៩០% នៃប្រេងឆៅដែលជប៉ុននាំចូល គឺមកពីមជ្ឈិមបូព៌ា។ ក្នុងន័យនេះ សន្តិភាព និងស្ថិរភាពក្នុងតំបន់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខថាមពល។ ដូច្នេះជប៉ុនកំពុងតាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ