វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកនឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះវាយប្រហារទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza ដែលនេះជាការព្រមានដោយផ្ទាល់លើកដំបូងរបស់គាត់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី០៩ ឧសភា ២០២៤។

ការព្រមានបែបនេះរបស់លោក បៃដិន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកអាមេរិកដ៏ធំទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងហ៊្សេរុយសាឡឹមហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារដ៏ធំមួយលើទីក្រុង Rafah ដែលជាទីក្រុងប្រមូលផ្តុំដោយជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្បែរព្រំដែនអេហ្ស៊ីប។

លោក បៃដិន ប្រសិនបើអ៊ីស្រាអែលលុកលុយចូលទៅក្នុងទីក្រុង Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់សព្វាវុធទៀតទេ យើងនឹងមិនផ្គត់ផ្គង់អាវុធ និងកាំភ្លើងធំដែលត្រូវបានគេប្រើនោះទេ ។

លោក បៃដិន បានសង្កត់ធ្ងន់ថា ជនស៊ីវិលត្រូវបានសម្លាប់ នៅតំបន់Gaza ដែលជាលទ្ធផលនៃការ បំផ្ទុះគ្រាប់បែកទាំងនោះ ដូច្នេះវាជាទង្វើខុសឆ្គង។ ជាមួយគ្នានេះ លោក បៃដិន ថែមទាំងបានសម្តែងការមិនពេញចិត្តចំពោះការពិតដែលថា ជនស៊ីវិលត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកនៅលើទឹកដីប៉ាឡេស្ទីន។

ស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីគណបក្សរបស់ខ្លួន ដើម្បីកំណត់ការនាំចេញអាវុធទៅអ៉ីស្រាអែល រដ្ឋបាលរបស់លោក បៃដិន បានសម្រេចផ្អាកការចែកចាយកាលពីសប្តាហ៍មុន នូវគ្រាប់បែកមានចំនួន ១,៨០០គ្រាប់ មានទម្ងន់ ៩០៧គីឡូក្រាម និងគ្រាប់បែក ១,៧០០គ្រាប់ទៀត មានទម្ងន់ប្រហែល ២០០តោន៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ