អន្តរជាតិ៖ ប្រទេសឈីលីចាប់ផ្តើមពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេលពីរថ្ងៃ ដល់ជនរងគ្រោះយ៉ាងតិច ១២២នាក់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏កំណាចមួយ ខណៈដែលកំពុងស្វែងរកមនុស្សបន្តបាត់ខ្លួនជាច្រើននាក់ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៦ កុម្ភ: ២០២៣។

ទីភ្នាក់ងារធ្វើកោសល្យវិច្ច័យរដ្ឋ បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ទាំង ១២២នាក់ មានតែ ៣២នាក់ប៉ុណ្ណោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ។ អភិបាលក្រុង Vina del Mar លោកស្រី Macarena Ripamonti បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មនុស្ស ១៩០នាក់នៅតែបន្តបាត់ខ្លួន នៅក្នុងទីក្រុងដែលមានប្រជាជនប្រហែល ២០,០០០នាក់បានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ។

អាជ្ញាធរឈីលីបន្តអូសបន្លាយដាក់បម្រាមគោចរពេលយប់កាលពីថ្ងៃចន្ទ ចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ព្រឹក ដើម្បីសម្រួលដល់ការបោសសម្អាត និងការងារសេវាកោសល្យវិច្ច័យ។

ទន្ទឹមគ្នា ប្រធានាធិបតីឈីលី លោក Gabriel Boric បានចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់ Valparaíso ដើម្បីវាយតម្លៃការខូចខាត ហើយនិយាយថា បម្រាមគោចរនឹងជួយរំដោះផ្លូវ និងអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់ទៅដល់តំបន់រងផលប៉ះពាល់ទាន់ពេល។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកយោធាប្រហែល ១,៤០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះ ខណៈមូលហេតុបង្កភ្លើងឆេះព្រៃកំពុងត្រូវបានស៊ើបអង្កេត។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃក្នុងប្រទេសឈីលី ត្រូវបានគេចាត់ទុកថា ជាភ្លើងឆេះព្រៃដ៏សាហាវបំផុតទី ៣ របស់ពិភពលោកក្នុងសតវត្សរ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ