ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី៧នាក់ រួមមាន៖ឥណ្ឌូនេស៊ី ២១នាក់ ស្រី១នាក់ ,វៀតណាម១៥នាក់ ស្រី២នាក់ ,ចិន៣នាក់ ស្រី១នាក់ ,ថៃ៣នាក់ ស្រី៣នាក់។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ