សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ចោទថា កូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រហែល ៧,០០០កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ចាប់តាំងពីការផ្ទេរសព្វាវុធបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ មីនា ២០២៤។

ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានអះអាងក្នុងសន្និសីទកាសែតមួយថា ចំនួនកុងតឺន័រផ្ទេរអាវុធចេញពីភាគខាងជើងទៅកាន់ប្រទេសរុស្ស៊ី កើនឡើងចំនួន ៣០០កុងតឺន័រ ហើយគិតមកទល់ពេលនេះ ចំនួនសរុបមានប្រហែល ៧,០០០កុងតឺន័រ។

តួលេខនេះ សំដៅលើការដឹកជញ្ជូនអាវុធ ដែលចាប់ផ្តើមតាំងពីខែកក្កដាឆ្នាំមុន ក្នុងនោះមួយចំនួនដឹកតាមផ្លូវសមុទ្រ ប៉ុន្តែពេលនេះបានផ្អាក និងភាគច្រើនដឹកតាមរថភ្លើងទៅកាន់រុស្ស៊ី។ ទន្ទឹមគ្នា រដ្ឋាភិបាលអាមេរិក និងអ្នកជំនាញនិយាយថា កូរ៉េខាងជើងកំពុងផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ី ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាផ្កាយរណប ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍យោធាសម័យសូវៀត។

បច្ចុប្បន្នសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំងពីរ រុស្ស៊ី និងកូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មជាសកល ដោយទីក្រុងមូស្គូទទួលរងទណ្ឌកម្មព្រោះការលុកលុយអ៊ុយក្រែន និងទីក្រុងព្យុងយ៉ាងទទួលរងទណ្ឌកម្ម ព្រោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ