រុស្ស៊ីលុបចោលសច្ចាប័នលើសន្ធិសញ្ញាសកលហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ
មូស្គូ៖ ប្រទេសរុស្ស៊ីនិយាយថា ការលុបចោលការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញាសកលហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលហៅកាត់ថា CTBT ធ្វើឡើងដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា តែមិនបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីលុបចោលការផ្ដល់សច្ចាប័នរបស់រុស្ស៉ីលើសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។
លោក ពូទីន កាលពីថ្ងៃទី០៥ ខែតុលា និយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រាប់ថាតើរុស្ស៉ីគួរតែធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញដែរ ឬក៏យ៉ាងណានោះទេ បន្ទាប់ពីមានការអំពាវនាវពីអ្នកជំនាញសន្តិសុខ និងសមាជិកសភាមួយចំនួនរបស់រុស្ស៉ី ឱ្យធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ ជាសារព្រមានដល់ប្រទេសលោកខាងលិច។
យ៉ាងណាមិញ ក្រោយលោក ពូទីន ចុះហត្ថលេខាលើច្បាប់ខាងលើនេះ ក្រុមមន្ត្រីការទូតរុស្ស៉ីបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញនោះទេ លុះត្រាតែសហរដ្ឋអាមេរិកធ្វើតេស្ដអាវុធនុយក្លេអ៊ែរមុន។
សូមរម្លឹកថា សន្ធិសញ្ញាឆ្នាំ១៩៩៦នេះ បានហាមប្រាមរាល់ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ រួមទាំងការធ្វើតេស្តអាវុធនុយក្លេអ៊ែរពិត បើទោះបីជាវាមិនដែលចូលជាធរមាន ដោយសារតែប្រទេសសំខាន់ៗមួយចំនួន រួមមានសហរដ្ឋអាមេរិក និងចិន មិនបានផ្តល់សច្ចាប័នលើវាក៏ដោយ។ ដោយឡែក សភារុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក្នុងខែមិថុនា ឆ្នាំ២០០០ ពោលគឺ៦ខែបន្ទាប់ពីលោក ពូទីន ក្លាយជាប្រធានាធិបតីដំបូង៕RT