អន្តរជាតិ៖ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅប្រទេសចិន ដោយប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យទៅទីនោះ លុះត្រាតែចាំបាច់ បន្ទាប់ពីការគម្រាមកំហែងពីទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងការប្រហារជីវិតអ្នកដែលចាត់ទុកថាគាំទ្រ «ផ្កាប់មុខ» នៃឯករាជ្យតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៨ មិថុនា ២០២៤។

ប្រទេសចិន កាលពីសប្តាហ៍មុន បានប្រកាសពីគោលការណ៍ណែនាំផ្លូវច្បាប់ថ្មីដោយគំរាមប្រហារជីវិតអ្នកផ្ដាច់ខ្លួនទាមទារឯករាជ្យកោះតៃវ៉ាន់នៅក្នុងករណធ្ងន់ធ្ងរ ដែលជាកំណើនបន្ថែមទៀតនៃភាពតានតឹងដែលទាក់ទាញការថ្កោលទោសពីរដ្ឋាភិបាលមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ក៏ដូចជាសហរដ្ឋអាមេរិក។

លោក ល៉ាំង វិនជា (Liang Wen-chieh) អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា ការព្រមានអំពីការធ្វើដំណើរដែលបានលើកឡើងក៏បានអនុវត្តទៅលើទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន គឺក្រុងហុងកុង និងម៉ាកាវ។ លោក ល៉ាំង បាននិយាយថា គោលការណ៍ណែនាំទាំងនោះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់ ដែលទៅលេងប្រទេសចិន បន្ថែមពីលើវិធានការផ្សេងទៀតដែលចិនកំពុងអនុវត្តដើម្បីពង្រឹងច្បាប់សន្តិសុខជាតិរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា គោលការណ៍ណែនាំនោះអាចបង្កការភ័យខ្លាចដល់ប្រជាជនតៃវ៉ាន់ និងមិនជួយកែលម្អទំនាក់ទំនង ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយថា គោលការណ៍ណែនាំផ្លូវច្បាប់ថ្មីនោះគ្រាន់តែសំដៅលើជនផ្ដាច់ខ្លួនគាំទ្រឯករាជ្យផ្កាប់មុខមួយចំនួនតូចដែល «ប្រើពាក្យសម្ដី និងសកម្មភាពអាក្រក់របស់ខ្លួនប៉ុណ្ណោះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ